(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៦៨០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយមានតែ ១១ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៤០០ករណីត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២៨០ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ទីក្រុងបាងកក នៅតែជាកន្លែងដែលត្រូវបានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺចំនួន ១,០៩៦ករណី។

CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៤,២៥៣នាក់ទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨៥,២២៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,៣៣២នាក់ និងអ្នកជាសះស្បើយ ១៣៦,២៥២នាក់៕