(វ៉ាស៉ីនតោន)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ថ្មីៗនេះបាននិយាយថា សហរដ្ឋអាមេរិកមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ប្រឈមនឹងវិបត្តិជំងឺរាតត្បាត COVID-19 ឡើយ ហេតុដូច្នេះមហាអំណាចមួយនេះ គួរតែពង្រឹងការត្រៀមលក្ខណៈបន្ថែម សម្រាប់លទ្ធភាពនៃការកើតមានឡើង នូវជំងឺឆ្លងរាលដាលជាសកលផ្សេងទៀត នាពេលអនាគត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។

ក្នុងកិច្ចសម្ភាសន៍មួយនាពេលថ្មីៗនេះ ជាមួយបណ្តាញស្ថានីយទូរទស្សន៍ GPB នៃរដ្ឋ ចរជា (Georgia) លោកស្រី អានណេ ស្គូឆាត (Anne Schuchat) នៃមជ្ឈមណ្ឌល CDC សហរដ្ឋអាមេរិក បាននិយាយដូច្នេះថា «យើងពុំបានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ COVID-19 ឡើយ។ ខណៈនេះយើងកំពុងបន្តប្រយុទ្ធតទល់ជាមួយវានៅឡើយ ហើយយើងមានការងារត្រូវធ្វើច្រើនទៀត ដើម្បីពង្រឹងការត្រៀមលក្ខណៈឲ្យប្រសើរជាងមុន សម្រាប់វិបត្តិជំងឺរាតត្បាតសកលដទៃទៀត ដែលអាចកើតឡើងនៅថ្ងៃខាងមុខ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកជាប្រទេសដែលមានចំនួនករណីឆ្លង និងស្លាប់ដោយជំងឺរាតត្បាតសកល COVID-19 ច្រើនជាងគេបង្អស់នៅលើពិភពលោក។ បច្ចុប្បន្នស្ថានការណ៍ COVID-19 នៅសហរដ្ឋអាមេរិក គឺមិនសូវធ្ងន់ធ្ងរខ្លាំងដូចកាលពីកំលុងចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នោះទេ។ គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,២៤២,៨៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៣,០៥២នាក់ និងជាសះស្បើយឡើងសរុប ២៨,២២០,៨៦៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕