(វៀងច័ន្ទ)៖ អាជ្ញាធរឡាវបានសម្រេចចិត្តពន្យារពេលបន្ថែម សម្រាប់វិធានការបិទខ្ទប់ប្រទេស ឬ Lockdown ចំនួន ១៥ថ្ងៃទៀត ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពរបស់ក្រសួងសុខាភិបាលឡាវនៅថ្ងៃអង្គារនេះបានឲ្យដឹងថា រដ្ឋាភិបាលឡាវបានយល់ព្រមពន្យារពេលវិធានការ Lockdown រយៈពេល ១៥ថ្ងៃទៀត រហូតដល់ថ្ងៃទី២០ ខែឧសភា ដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។

របាយការណ៍ដដែលបានបន្ថែមថា មនុស្សគ្រប់រូបគួរតែបន្តអនុវត្តតាមរាល់វិធានការណ៍របស់រដ្ឋាភិបាលទាក់ទងនឹងការគ្រប់គ្រងជំងឺឆ្លង រួមទាំងវិធានការណ៍ដែលបានកំណត់ដោយបទបញ្ជារបស់នាយករដ្ឋមន្រ្តី និងគណៈកម្មាធិការថ្នាក់ជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ផងដែរ។

គួរបញ្ជាក់ថា ប្រទេសឡាវបានរកឃើញករណីថ្មី នៃជំងឺ COVID-19 ចំនួន ៦០ករណីនៅថ្ងៃអង្គារនេះ ដែលធ្វើឲ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនដល់ ១,០២៦ករណី។ ឡាវបានរាយការណ៍ពីករណីដំបូងចំនួន ២ករណីកាលពីថ្ងៃទី ២៤ ខែមីនាឆ្នាំមុន៕