(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសពីការរកឃើញ COVID-19 ១៩,៨៧៥ករណីថ្មី និងអ្នកស្លាប់ ៣៤១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sky News នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

បូកបញ្ចូលទាំងករណីឆ្លង និងស្លាប់ថ្មីខាងលើ ធ្វើឱ្យចក្រភពអង់គ្លេស គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មានអ្នកឆ្លង COVID-19 សរុបកើនដល់ ១.៤លាននាក់ ក្នុងនោះអ្នកស្លាប់ ក៏បានកើនដល់ ៥៤,៦២៦នាក់ផងដែរ។ ក៏ប៉ុន្តែ ចំនួនអ្នកឆ្លង និងអ្នកស្លាប់ប្រចាំថ្ងៃនេះ ហាក់ដូចជាមានការថយចុះ បើធៀបទៅនឹងកាលពីថ្ងៃសុក្រ ដែលមានមនុស្ស ២០,២៥២នាក់ត្រូវបានគេរាយការណ៍ថាឆ្លង COVID-19 និង៥១១នាក់ស្លាប់។

គួរបញ្ជាក់ថា បច្ចុប្បន្ន ចក្រភពអង់គ្លេស កំពុងអនុវត្តវិធានការបិទប្រទេសជាលើកទី២ បន្ទាប់ពីករណីឆ្លង COVID-19 កើនឡើងជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលទីក្រុងឡុងដ៍ មានគម្រោងដកចេញវិញនូវវិធានការនេះ នៅថ្ងៃទី០២ ខែធ្នូខាងមុខនេះ៕