(អាល្លឺម៉ង់)៖ ក្រុមសកម្មជនថៃកាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅប៊ែរឡាំង) បានដាំស្លាកមួយនៅជាប់របង ពីមុនរាជដំណាក់ព្រះមហាក្សត្រថៃព្រះបាទ មហា វិច្ចរ៉ាឡុងកន (Maha Vajiralongkorn) ក្នុងប្រទេសអាល្លឺម៉ង់ ដោយនៅលើស្លាកនោះសរសេរថា «ប្រទេសថៃគឺជាកម្មសិទ្ធិរបស់ប្រជាជន» ខណៈការតវ៉ាទាមទារឲ្យមានការកែទម្រង់របបរាជានិយម កាន់តែកក្រើកខ្លាំងឡើងនៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

អ្នករៀបចំការតវ៉ាម្នាក់ គឺលោកស្រី ជូនយ៉ា លីមប្រាសឺត (Junya Limprasert) ដែលមានវត្តមាននៅពីមុខព្រះរាជដំណាក់ខាងលើនេះ បានទូលសុំឲ្យព្រះមហាក្សត្រ ធ្វើកំណែទម្រង់របបរាជានិយមថៃ ដែលមានទ្រព្យស្តុកស្តម្ភ និងមានអំណាចខ្លាំងក្លាបំផុត នៅក្នុងព្រះរាជាណាចក្រថៃ ដោយលោកស្រីបានពន្យល់ថា «ប្រជាជនថៃមិនត្រូវការព្រះមហាក្សត្រ ដែលចំណាយពេលស្ទើរតែពេញមួយឆ្នាំ នៅឯប្រទេសអាល្លឺម៉ង់នោះទេ។ ពួកយើងចង់ឲ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង និងឈប់បៀតបៀនប្រជាជនថៃទៀត»

ស្ថានទូតថៃប្រចាំប្រទេសអាល្លឺម៉ង់ មិនបានធ្វើការបកស្រាយអ្វីឡើយ ជុំវិញការតវ៉ាពីមុខព្រះរាជដំណាក់ស្តេចថៃ ដែលស្ថិតនៅក្នុងតំបន់ទូតស៊ីង (Tutzing) នៃស្រុកឡេកស្តានប៊ឺក (Lake Starnberg) រដ្ឋបាវ៉ារៀ (Bavaria) ជាតំបន់មនុស្សក្រុមសេដ្ឋីចូលចិត្តស្នាក់នៅ និងកម្សាន្ត ស្ថិតនៅភាគខាងនិរតីទីក្រុងមូនិច (Munich)។ ដោយឡែកមន្ត្រីនៅរាជវាំងទីក្រុងបាងកកក ក៏មិនមានការបកស្រាយអ្វីដែរ។

គួរបញ្ជាក់ថា ស្លាកដាំនៅជាប់របងនៅពីមុខព្រះរាជដំណាក់ស្តេច ដោយក្រុមសកម្មជនថៃ ដែលបានសរសេរថា ប្រទេសថៃគឺជាកម្មសិទ្ធិរបស់ប្រជាជន មិនមែនព្រះមហាក្សត្រនោះ ត្រូវបានសមត្ថកិច្ចនៅទីនោះដកចេញយ៉ាងលឿន។ ប្រទេសថៃត្រូវបានគេដឹងថា មានច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារព្រះមហាក្សត្រ ដោយអ្នកណាហ៊ានបំពាននោះនឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំឯណោះ។

ដោយឡែកកាលពីថ្ងៃសុក្រម្សិលមិញនេះ បាតុកម្មក៏បានផ្ទុះឡើងនៅទីក្រុងបាងកកកផងដែរ ក្រោយពីសភាបានប្រកាសពន្យារពេល ក្នុងការឆ្លើយតបទៅនឹងអ្វីដែលក្រុមបាតុករចង់បាន ពាក់ព័ន្ធទៅនឹងការកែរដ្ឋធម្មនុញ្ញថៃនោះ។ យោងតាមរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន របបរាជានិយមត្រូវតែទទួលបាន ការគោរពយ៉ាងខ្ពង់ខ្ពស់ជាទីបំផុត៕