(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី កំពុងត្រៀមខ្លួនចាប់ផ្ដើមធ្វើយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំ នៅខែតុលាខាងមុខនេះ។ នេះបើតាមរដ្ឋមន្ត្រី សុខាភិបាលរុស្ស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។

ការកត់សម្គាល់បែបនេះរបស់រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko ត្រូវបានស្រង់សម្ដីចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី អមជាមួយការបញ្ជាក់ថាគ្រូពេទ្យ និងគ្រូបង្រៀន នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។ ដោយឡែក ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានឱ្យដឹងដែរថា វ៉ាក់សាំង COVID-19 ដំបូងរបស់រុស្ស៊ី នឹងទទួលបានការអនុម័តយល់ព្រមនៅក្នុងខែសីហានេះ។

តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បានបង្ហាញក្ដីព្រួយបារម្ភ និងរំពឹងថារុស្ស៊ីក៏ដូចជាចិន នឹងធ្វើតេស្ដវ៉ាក់សាំងជាមុន មុននឹង ចាក់លើមនុស្សដទៃ។ មិនតែប៉ុណ្ណោះ លោក Fauci ក៏បានសង្កត់ធ្ងន់ផងដែរថាសហរដ្ឋអាមេរិក អាចនឹងមានវ៉ាក់សាំង COVID-19 ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព នៅចុងឆ្នាំ២០២០នេះ ហើយលោកថាមិនជឿឡើយថាប្រទេសដទៃអាចផលិតវ៉ាក់សាំងបានមុនសហរដ្ឋអាមេរិក៕