(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រកាសថា អាមេរិកចាត់ទុកសកម្មភាពនានារបស់ចិន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង ហើយសហរដ្ឋអាមេរិក ក៏នឹងបង្កើនការគាំទ្របន្ថែមទៀត ចំពោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលកំពុងមានជម្លោះជាមួយចិនផងដែរ។

២៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ ទណ្ឌកម្មប្រឆាំងក្រុមហ៊ុនផលិតសព្វាអាវុធ ដ៏ល្បីល្បាញមួយរបស់អាមេរិកគឺ ឡុកឃីដម៉ាទីន (Lockheed Martin) ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងចុងក្រោយ នៃការលក់អាវុធទៅឲ្យកោះតៃវ៉ាន់។

៣៖ កងទ័ពចិនបានដាក់ពង្រាយបាវដីខ្សាច់នៅទីក្រុង ក្បែរបឹងទឹកសាបធំបំផុតរបស់ប្រទេសចិននៅអង្គារថ្ងៃនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលជិត ៦ទសវត្សរ៍មកនេះ។

៤៖ គណបក្សគួមីនតាង (Kuomintang) ដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ បានចូលទៅកាន់កាប់សភាជាថ្មីម្តងទៀតហើយនៅថ្ងៃអង្គារនេះ ដើម្បីប្រឆាំងតវ៉ា និងរារាំងមិនឲ្យមានការតែងតាំងជំនួយការ ដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី ធ្វើការជាអ្នកឃ្លាំមើលរដ្ឋាភិបាល។

៥៖ យន្តហោះចម្បាំងអាមេរិកមួយគ្រឿងប្រភេទ F-16C Viper បានធ្លាក់កំឡុងពេលចុះចត នៅឯមូលដ្ឋាទ័ពអាកាសហូឡូមែន (Holloman) នៃខេត្តញូមិចស៊ីកូ (New Mexico) នៅល្ងាចថ្ងៃសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីតោន) ហើយសំណាងល្អអាកាសយានិកដែលបញ្ជាយន្តហោះនោះ មិនបាត់បង់ជីវិត។

៦៖ យន្តហោះចម្បាំងបំបាំងកាយជំនាន់ J-20 របស់ចិនមានរហស្សនាមថា «វៃឡុង (Weilong)» ដែលជាយន្តហោះចម្បាំង ដ៏ទំនើបរបស់ពិភពលោក កំពុងស្ថិតនៅក្នុងដំណាក់កាលផលិត ជាលក្ខណៈទ្រង់ទ្រាយធំ ក្រោយពីយន្តហោះចម្បាំងដ៏ទំនើបមួយនេះ ត្រូវបានបង្កើនសមត្ថភាព (Upgrade) និងបំពេញរាល់ចំណុចដែលខ្វះខាត៕