(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃសុក្រនេះ បានលើកឡើងថា ការធ្វើតេស្តមីស៊ីលផ្លោងលើកចុងក្រោយបំផុតថ្មីៗនេះរបស់​សហរដ្ឋអាមេរិក គឺជាការស្តែងឲ្យឃើញម្តងហើយៗម្តងទៀតថា ការដកខ្លួនពីសន្ធិសញ្ញាគ្រប់គ្រងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ INF គឺជាទង្វើដែលទីក្រុងវ៉ាស៊ីនតោនបានគិតគូររៀបចំទុកមុនជាយូរមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chungying បាននិយាយថា ចេតនាពិតប្រាកដរបស់សហរដ្ឋអាមេរិក គឺរំដោះ​ខ្លួនចេញឲ្យផុតពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដែលខ្លួនធ្លាប់មានជាមួយរុស្ស៊ី ដើម្បីទៅផ្តោតលើការអភិវឌ្ឍប្រព័ន្ធមីស៊ីលទំនើបៗ​ដោយសេរី ក្រោមគោលដៅពង្រីកឧត្តមភាពផ្នែកយោធារបស់ខ្លួន។ ជាមួយគ្នានោះ លោកស្រី Hua បានស្នើឲ្យអាមេរិកបោះចោល​នូវគោលគំនិតដូចកាលពីសម័យសង្រ្គាមត្រជាក់ និងលុបបំបាត់ផ្នត់គំនិតចង់យកឈ្នះយកចាញ់ ហើយងាកមកចូលរួមជួយរក្សា​តុល្យភាពយុទ្ធសាស្រ្តនិងស្ថិរភាពពិភពលោក រួមជាមួយសន្តិសុខសុវត្ថិភាព ក៏ដូចជាសន្តិភាពក្នុងតំបន់និងអន្តរជាតិ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យោធាអាមេរិកបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ ជា​ប្រភេទបាញ់ចេញពីលើគោក។ គិតចាប់តាំងពីសហរដ្ឋអាមេរិកបានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ីកាលពីខែ​សីហាកន្លងទៅ ក្រសួងការពារជាតិអាមេរិកបានធ្វើតេស្តមីស៊ីលប្រភេទនេះចំនួន២លើកហើយ ខណៈពីមុនមកពួកវាធ្លាប់ត្រូវបាន​ហាមឃាត់ក្រោមសន្ធិសញ្ញា INF។ ហេតុផលដែលទីក្រុងវ៉ាស៊ីនតោនសម្រេចដកខ្លួនចេញ គឺខ្លួនបានអះអាងថា រុស្ស៊ីបានបំពាន​លើ​សន្ធិ​សញ្ញានេះ៕