(ឡាអេ)៖ មេដឹកនាំ និងជាប្រឹក្សារដ្ឋ លោកស្រី អោងសាន ស៊ូជី បានឡើងតតាំងក្ដីការពារប្រទេសរបស់លោកស្រី ដោយទាត់ចោលការចោទប្រកាន់ដែលថាមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា នៅចំពោះមុខតុលាការយុត្តិធម៌ អន្តរជាតិ ICJ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។

កំឡុងពេលថ្លែងសុន្ទរកថាចាប់ផ្ដើមនៅឯតុលាការ ICJ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ជ័យលោភីពាន់រង្វាន់ណូប៊ែលសន្តិភាព លោកស្រី ស៊ូជី ក៏បានចាត់ទុកផងដែរថាការប្រកាន់ប្រឆាំងមីយ៉ាន់ម៉ា គឺមានលក្ខណៈមិនពេញលេញ និងមិនពិតទាល់តែសោះ។ លោកស្រី បន្ថែមថារដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិងកំពុងផ្ដល់សុវត្ថិភាពសម្រាប់ការធ្វើមាតុភមិនិវត្តន៍របស់ជនជាតិរ៉ុហ៊ីងយ៉ា និងប្រជាជនដទៃ ដែលរត់ភៀសខ្លួនចេញពីរដ្ឋ Rakhine ជាមួយការជំរុញឱ្យតុលាការបញ្ជៀសរាល់សកម្មភាពដែលអាចធ្វើឱ្យ ស្ថានភាពកាន់តែអាក្រក់ឡើង។

សំណុំរឿងចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដែលជាការតវ៉ាផ្នែកផ្លូវច្បាប់អន្តរជាតិ និងមានគោលដៅនាំមីយ៉ាន់ម៉ាឡើងតុលាការ កើតមានឡើងបន្ទាប់ពីប្រទេសហ្គាំប៊ី បានដាក់ពាក្យបណ្ដឹងមួយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ទៅកាន់តុលាការ ICJ ដោយចោទថាមីយ៉ាន់ម៉ា បានរំលោភលើអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។ ចំណែកឯ ការិយាល័យរបស់លោកស្រី អោងសាន ស៊ូជី បានទទួលស្គាល់ថាលោកស្រី នឹងបង្ហាញខ្លួនចំពោះ ICJ ដើម្បីការពារ ផលប្រយោជន៍ប្រទេសជាតិ។ ប៉ុន្តែ ខុសពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឬតុលាការនៅក្នុងស្រុក បុគ្គលម្នាក់មិនអាចប្ដឹង ឬត្រូវបានប្ដឹង នៅឯតុលាការ ICJ នោះឡើយ។ ពោលគឺសំណុំរឿង នៅ ICJ គ្រាន់តែកំណត់ថាតើរដ្ឋ ឬប្រទេសមួយរំលោភ លើច្បាប់ ដែរឬក៏យ៉ាងណាប៉ុណ្ណោះ។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត និងច្រើនជាង៧០០,០០០នាក់ បានរត់ភៀសខ្លួនពីមីយ៉ាន់ម៉ា ទៅកាន់ ប្រទេសបង់ក្លាដែស បន្ទាប់ពីមានការបង្រ្កាបដ៏បង្ហូរឈាមមួយពីសំណាក់កម្លាំងសន្តិសុខ និងយោធាមីយ៉ាន់ម៉ា ទៅលើ ភូមិជនជាតិរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋ Rakhine កាលពីឆ្នាំ២០១៧ ហើយក្រុមអ្នកស៊ើបអង្កេត UN បានសន្និដ្ឋានថាការបង្ក្រាបនេះ គឺជាទង្វើប្រល័យពូជសាសន៍។ តែ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានទាត់ចោលរាល់ការចោទប្រកាន់ដោយអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួនគឺមានគោលបំណងការពារជនស៊ីវិលពីក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា៕