(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រូបភាពថ្មីៗទៀតពីប្រព័ន្ធផ្កាយរណប បានបង្ហាញឲ្យឃើញថា ប្រទេសចិនកំពុងតែញាប់ដៃញាប់ជើង ក្នុងការសាងសង់នាវា ផ្ទុកយន្តហោះចម្បាំងថ្មីមួយគ្រឿងទៀត ដែលមានឈ្មោះសម្គាល់ថា Type 002 នៅលើទីលានសាងសង់នាវាដ៏ធំធេងមួយ នៅលើកោះឆាងស៊ីល (Changxing) នៃទីក្រុងសៀងហៃ ស្ថិតនៅតាមជ្រោយទន្លេយ៉ាងសេ (Yangtze)។

២៖ ចៅក្រមម្នាក់នៃតុលាការទីក្រុងញូយ៉កបានរកឃើញថា ប្អូនប្រុសប្រធានាធិបតី ហុងឌូរ៉ាស់ លោក ហ្ស៊ាន អ័រឡេនដូ ហឺណាន់ដែស (Juan Orlando Hernández) ពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋរត់ពន្ធគ្រឿងញៀន ពីប្រទេសហុងឌូរ៉ាស់មកកាន់សហរដ្ឋអាមេរិក។

៣៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី (Liu He) បានអះអាងថា ចិននឹងធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហា និងការព្រួយបារម្ភរបស់ប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ស្មើភាព និងគោរពគ្នាទៅវិញទៅមក។

៤៖ ការដំឡើងពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក លើផលិតផលនាំចូលពីសហភាពអឺរ៉ុប បានចូលជាធរមានហើយនៅថ្ងៃសុក្រ សប្ដាហ៍នេះ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសម្ព័ន្ធទាំងពីរត្រូវបានគេរំពឹងថា នឹងផ្ទុះឡើងកាន់តែខ្លាំង។

៥៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៦២នាក់ហើយ និង៣៦នាក់ផ្សេងទៀតរងរបួស ក្រោយពីមានការផ្លោងគ្រាប់ ចំលើវិហារអ៊ីស្លាមមួយកន្លែង នៅស្រុក Haska Mina នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។

៦៖ អាជ្ញាធររុស្ស៊ីនៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា មនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់បាក់ទំនប់ទឹកមួយកន្លែង នៅតំបន់ឃួរ៉ាជីនស្កាយ (Kuraginsky) នៃដែនដីរុស្ស៊ីឈ្មោះ ក្រាសណូយ៉ាសក៍ (Krasnoyarsk) បានកើនដល់ ១៥នាក់ហើយ ខណៈមនុស្ស ១៣នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ៕