(ការ៉ាកាស់)៖ ខណៈដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសវេណេស៊ុយអេឡា​នៅតែបន្តភាពតានតឹងនៅឡើយ ជុំវិញការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើវេណេស៊ុយអេឡា និងការទទួលស្គាល់មេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្តីទី ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញប្រទេសអាមេរិកឡាទីនមួយនេះ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងបែបសុទិដ្ឋិនិយមថា លោកស្វាគមន៍បើសិនជាអាចមានជំនួបទល់មុខគ្នា​លើកទី១ ជាមួយលោកប្រធានាធិបតី​ ដូណាល់ ត្រាំ តែលោកចង់ឲ្យសហរដ្ឋអាមេរិក បោះបង់ចោលនយោបាយលធ្វើទុក្ខបុកម្នេញវេណេស៊ុយអេឡា ដែលនៅសេសសល់តាំងពី​អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នោះចោលសិន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន រ៉ូស្ស៊ីយ៉ា ២៤ (Rossiya 24) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពិតណាស់ថាអាច» ចំពោះការជួបពិភាក្សាដោយផ្ទាល់ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានសង្កត់ធ្ងន់ទៀតថា «ខ្ញុំជឿជាក់ថាលោកប្រធានាធិបតី​ ត្រាំ បានបោះបង់ចោលនយោបាយ​ដែលបានបរាជ័យនោះហើយ (នយោបាយធ្វើទុក្ខបុកម្នេញវេណេស៊ុយអេឡា ដែលចាប់ផ្តើមឡើងកាលពីអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា)... វាដល់ពេលហើយ ដែលអាមេរិកឈប់ធ្វើបាបវេណេស៊ុយអេឡា»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើឡើងនៅចំពោះមុខ​ការប្រព្រឹត្តទៅនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅបុរីញូយ៉កសហរដ្ឋអាមេរិក ដែលចាប់ផ្តើមប្រព្រឹត្តទៅក្នុងសប្តាហ៍នេះហើយ ខណៈបញ្ហារសើបៗជាច្រើនលើលោក នឹងត្រូវលើកយកមកពិភាក្សា ហើយមេដឹកនាំប្រទេសជាច្រើនក៏នឹងឆ្លៀតឱកាសជួបពិភាក្សាគ្នា អំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសរៀងៗខ្លួនផងដែរ៕