(កាប៊ុល)៖ យ៉ាងហោចណាស់ជនស្លូតត្រង់ ៣៥នាក់បានបាត់បង់ជីវិត និង ១៣នាក់ទៀតរងរបួស បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន​បានលុកលុយចូល​ពីធីមង្គលការមួយ ក្នុងគោលបំណងឆ្ពោះទៅកម្ទេចសំបុកក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលស្ថិតនៅក្បែរទីតាំងរៀបមង្គលការនោះដែរ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នាល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើនេះ បានកើតមានឡើងនៅក្នុងស្រុក មូសា កាឡា (Musa Qala) នៃខេត្តហេលម៉ាន់ដ៍ (Helmand) ភាគខាងត្បូងអាហ្វហ្គានីស្ថាន ដោយមន្ត្រីអាហ្វហ្គានីស្ថានបានអះអាងថា ទីតាំងដែលស្ថិតនៅក្បែរកន្លែងរៀបមង្គលការ​ខាងលើនេះ ត្រូវបានប្រើប្រាស់ដោយក្រុមឧទ្ទាមតាលីបង់ ដើម្បីបង្វឹកក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត នៅមុនការវាយសម្រុកចូលទៅដោយកងកម្លាំង​រដ្ឋាភិបាលកាលពីយប់ថ្ងៃអាទិត្យ។

ចំពោះការចេញផ្សាយថា មានជនស៊ីវិលស្លូតត្រង់ ៣៥នាក់ស្លាប់ និង ១៣នាក់រងរបួសនៅក្នុង​ការវាយសម្រុករបស់កងកម្លាំងរដ្ឋាភិបាលនោះ មន្ត្រីអាហ្វហ្គានីស្ថានមិនទាន់អះអាងអ្វីច្រើនឡើយ ដោយបានបញ្ជាក់ត្រឹមថា សមត្ថកិច្ចនឹងចុះទៅស៊ើបអង្កេតជុំវិញករណីនេះ។ អំពើហិង្សាក្តៅគគុក​នារយៈពេលពីរសប្តាហ៍មកនេះ បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងតាលីបង់បិទការចរចាគ្នា ហើយជនស៊ីវិល និងទាហានអាហ្វហ្គានីស្ថានរាប់រយនាក់ហើយ បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកដោយក្រុមតាលីបង់៕