(តេហេរ៉ង់)៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiei នាថ្ងៃចន្ទនេះ បាននិយាយថា ទីក្រុងហេរ៉ង់បានបញ្ចប់ជាស្ថាពរនូវ នីតីវិធីច្បាប់នានា ដែលចាំបាច់សម្រាប់ការដោះលែងកប៉ាល់ដឹកប្រេងឈ្មោះ Stena Impero ដែលដោតទង់ជាតិអង់គ្លេស ដូច្នេះ កប៉ាល់នេះមានសិទ្ធិអាចចាកចេញពីអ៊ីរ៉ង់បានហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាច ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

កប៉ាល់ខាងលើត្រូវបានយោធាអ៊ីរ៉ង់រឹបអូសទុក នៅតំបន់ច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ជាមួយ ការចោទប្រកាន់ថា កប៉ាល់នោះបានរំលោភច្បាប់ដែនសមុទ្រអន្តរជាតិ ចំពោះមុខភាពតានតឹងរវាងទីក្រុងតេហេរ៉ង់និងអង់គ្លេស ក្រោយទីក្រុងឡុងដ៍បានចាប់ឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅតំបន់ Gibraltar កាលពីថ្ងៃទី០៤ ខែកក្កដា ក្រោមការ សង្ស័យថា លួចដឹកប្រេងឆ្ពោះទៅកាន់ប្រទេសស៊ីរី ដែលបំពានទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

គួរជម្រាបថា យ៉ាងណាមិញ កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ Grace-1 ក៏ត្រូវបានដោះលែងវិញ កាលពីខែសីហា ហើយបានប្តូរឈ្មោះថ្មី ។ ក្រោយមកកាលពីកំឡុងដើមខែកញ្ញានេះ នាវិកចំនួន០៧នាក់របស់កប៉ាល់ Stena Impero ក៏ត្រូវបានដោះលែងទៅមុនរួចហើយ ផងដែរ។ កប៉ាល់ Stena Impero ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូននៃប្រទេសស៊ុយអែត Stena Bulk៕