(ប៉ារីស)៖ មន្ត្រីជាន់ខ្ពស់ដែលកំពុងតែសកម្មក្នុងកិច្ចការងារស្តារ និងជួសជុលឡើងវិញនូវ​ព្រះវិហារបុរាណ Notre-Dame អាយុកាលជាង ៨៥០ឆ្នាំ ដែលទើបត្រូវបានឆេះស្ទើរខ្ទេចខ្ទី​នោះបានបញ្ជាក់ឲ្យដឹងថា គំនូរបុរាណដែលមិនអាចកាត់ថ្លៃបានជាច្រើន នឹងត្រូវយកចេញពី​ព្រះវិហារនេះយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញតាមដែលអាច​ទៅរួច។ នេះបើតាមការចេញផ្សាយដោយ New York Times នាល្ងាចថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

មិនត្រឹមគំនូរបុរាណជាច្រើនរងការបំផ្លាញ និងខូចខាតនោះឡើយ សូម្បីតែរូបចម្លាក់ និងតឹកតាងប្រវត្តិសាស្ត្រជាច្រើនទៀត ក៏បានទទួលរងការបំផ្លិចបំផ្លាញផងដែរ ដោយសារតែភ្លើងឆេះ និងគំនរអគារឆេះធ្លាក់ពីលើជាដើម។ អគារព្រះវិហារបុរាណ​នៃសាសនាគ្រិស្ត-កាតូលិកនេះ ស្ថិតនៅទីក្រុងប៉ារីស គឺជាកន្លែងដែលទាក់ទាញភ្លៀវទេសចរ​ចូលមកទស្សនាយ៉ាងហោចណាស់ ១២លាននាក់ក្នុងមួយឆ្នាំៗ។

គួរបញ្ជាក់ថា បើតាមមន្ត្រីជំនាញបារាំង ផ្ទាំងគំនូរធំៗនៅច្រកចូលដំបូងនៃអគារព្រះវិហារ​មិនមានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ប៉ុន្តែដោយសារតែស្ថានភាពឆាបឆេះ​បង្កជាផ្សែងភ្លើង និងការប្រើប្រាស់ទឹកបាញ់លើតួព្រះវិហារដើម្បីពន្លត់ភ្លើងនោះ ទើបគំនូរត្រូវតែយកចេញដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ។ ដោយឡែកបារាំង​ក៏បានអះអាងផងដែរថា ខ្លួនទទួលបានជំនួយពីគ្រប់ទិសទីទូទាំងសកលលោក សរុបជិត១ពាន់លានដុល្លារ ដើម្បីទ្រទ្រង់ការស្តារដួងព្រលឹងជាតិនេះឡើងវិញ៕