(ប៉េកាំង)៖ កាលពីថ្ងៃពុធប្រទេសចិនបានបើកសម្ពោធ មូលដ្ឋានសិប្បនិម្មិត​នៃបេសកកម្មភពអង្គារ (Mars) នៅឯខេត្តកាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន China Daily នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩។

មូលដ្ឋានខាងលើត្រូវបានសាងសង់ឡើងនៅតំបន់វាលខ្សាច់ ហ្គោប៊ី (Gobi) មានចម្ងាយប្រហែលជា ៤០គីឡូម៉ែត្រពីក្រុង ជីនឆាង (Jinchang) នៃខេត្ត Gansu ជាមួយគោលដៅបង្កើតនូវបរិស្ថានសិប្បនិម្មិតមួយ សម្រាប់ឲ្យយុវវ័យជំនាន់ក្រោយ ហើយនាពេលឆាប់ៗខាងមុខ គឺរួមទាំងភ្ញៀវទេសចរថែមទៀត ធ្វើការយល់ដឹងថា តើការស្នាក់នៅភពអង្គារអាចនឹងប្រព្រឹត្តទៅដោយរបៀបណា។
ស្ថានីយនេះដែលមានឈ្មោះថា Mars Base 1 គ្របដណ្តប់លើផ្ទៃដីទំហំ ៦៧គីឡូម៉ែត្រការ៉េ ហើយមានផ្នែកធំៗចំនួន ០៩ រួមមានបន្ទប់គ្រប់គ្រងកិច្ចការងារទូទៅ បន្ទប់ Airlock បន្ទប់ស្នាក់នៅ និងបន្ទប់ផ្ទះកញ្ចក់ Greenhouse ជាដើម។

គួរជម្រាបថា ប្រទេសចិនមានមហិច្ឆតាចង់បញ្ជូនយានរុករកមួយគ្រឿង ឲ្យទៅសិក្សាស្រាវជ្រាវនៅលើភពអង្គារនៅឆ្នាំ២០២០ និងបេសកកម្មជាច្រើនទៀត​នៅទីអវកាស ខណៈបេសកកម្មនៅឋានព្រះច័ន្ទ​ទទួលបានជោគជ័យធំៗច្រើនមកហើយ៕