(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍រុស្ស៊ី Ural Airlines បានដែលមានគោលដៅធ្វើដំណើរឆ្ពោះមក​​កាន់ក្រុងម៉ូស្គូ ដោយចេញពី​ប្រទេស​បារ៉ែន ជាមួយ​មនុស្សចំនួន២២៥នាក់ជិះនៅលើនោះ បានចុះចតយ៉ាងតក់ក្រហល់ នៅព្រលានយន្តហោះក្នុងទីក្រុងបាគូ (Baku) នៃ​ប្រទេស​អាហ្សឺបៃសង់​ ដោយសារការសង្ស័យថាមានគ្រាប់បែកលើយន្តហោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃ​ចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។

​អ្នកនាំពាក្យអាកាសចរណ៍ Ural ​បានឲ្យដឹងថា យន្តហោះខាងលើដែលមានជើងហោះហើរ U6-116 គឺកំពុងឆ្ពោះ​មក​កាន់​អាកាស​យាន​ដ្ឋាន​ Domodedovo របស់​ទីក្រុងម៉ូស្គូ នៅពេលដែលក្រុមការងាររលើយន្តហោះ ទទួលបានព័ត៌មានអំពីវត្ថុហាមឃាត់ ដែលអាចជាគ្រឿងផ្ទុះ​ នៅលើយន្តហោះ។ ហេតុដូច្នោះ ​ក្រុមការងារយន្តហោះ Airbus A-321 បានស្នើសុំធ្វើការចុះជាបន្ទាន់ នៅព្រលានយន្តហោះដែល​នៅ​កៀក​បំផុតដើម្បីឆ្លងកាត់ការឆែកឆេរ ហើយក៏បានសម្រេចចុះនៅ​ទីក្រុង Baku តែម្តង។

បើតាម​ប្រភពព័ត៌មានមួយនៅអាកាសយានដ្ឋានក្នុងទីក្រុង Baku បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មិនមានវត្ថុសង្ស័យ​ណា​មួយត្រូវបានរកឃើញនៅលើយន្តហោះឡើយ តែអ្នកដំណើរម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ៕