(អេត្យូពី)៖ ករណី​ធ្លាក់យន្តហោះ​ដ៏រន្ធត់របស់​អាកាសចរណ៍​អេត្យូពី ដែលហោះហើរពី​រដ្ឋធានី អេដឌីស អាបាបា (Addis Ababa) របស់​ប្រទេស​អាហ្វ្រិកកណ្តាល​​អេត្យូពី សំដៅ​ទៅកាន់​រដ្ឋធានី​ណៃរ៉ូប៊ី (Nairobi) នៃប្រទេស​កេនយ៉ានោះ បានបណ្តាល​ឲ្យមនុស្សសរុបទាំងអស់ ១៥៧នាក់នៅលើយន្តហោះ​តែម្តងបាត់បង់ជីវិត ដោយក្នុងនោះ​គឺមានចំរុះជាតិ​សាសន៍ដូចជា កេនយ៉ា ចិន អាមេរិក​ បារាំង ឥណ្ឌា អ៊ីតាលី កាណាដា អង់គ្លេស អេហ្ស៊ីប ឥណ្ឌូណេស៊ី ស្លូវ៉ាក អូទ្រីស ស៊ុយអ៊ែដ អ៊ីស្រាអែល ម៉ូរ៉ូកូ ប៉ូឡូញ អេស្ប៉ាញ ហូឡង់ ប៊ែលហ្សិក ជីបូទី អៀរឡង់ ម៉ូហ្សំប៊ិក នេប៉ាល់ នីហ្សេរីយ៉ា ណ័រវេយ៍ រ៉ាវ៉ាន់ដា អារ៉ាប៊ីសាអូឌីត ស៊ែប៊ី ស្លូវ៉ានី សូម៉ាលី ស៊ូដង់ តូហ្គោ អ៊ូហ្គាន់ដា យ៉េមែន និងអេត្យូពីផ្ទាល់។ នេះបើតាម​ការចេញផ្សាយ​ដោយ​​សារព័ត៌មានចិន ស៊ីនហួរ នាយប់​ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។

ព័ត៌មាន​បន្ថែម​ទៀតបានឲ្យដឹងថា យន្ដហោះខាងលើ​​ជាប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់​ក្រុមហ៊ុន Ethiopian Airlines ដោយមុនពេល​​ធ្លាក់ប៉ុន្មាននាទី ពីឡុត​​ដែល​បញ្ជាការ​នៅលើនោះបាន​ព្យាយាមទាក់ទងទៅ​អាកាស​យានដ្ឋាន Addis Ababa ដើម្បី​ស្នើសុំបកត្រឡប់​ក្រោយវិញ ក្រោយពីទើបបាន​ហោះចេញមកបន្តិច ព្រោះពួកគេ​បានជួបប្រទះ​បញ្ហា​បច្ចេកទេស​​មួយចំនួននៃម៉ាស៊ីនយន្តហោះ​ ដែលពិបាកនឹងដោះស្រាយ។

ជុំវិញសោកនាដកម្មនេះលោក Gebremariam ជានាយកប្រតិបត្តិ (CEO) របស់អាកាសចរណ៍​ខាងលើនេះបានបញ្ជាក់ថា «តាមពិត​ទៅ​យន្តហោះ Boeing ខាងលើនេះ ទើប​តែបាន​សម្រាក​បីម៉ោង​ប៉ុណ្ណោះ ក្រោយពីវាបាន​​ហោះមកពី​ទីក្រុង​ចូហាន់ណែសប៊ឺក នៃប្រទេសអាហ្វ្រិក​ខាងត្បូង នៅព្រឹកព្រលឹមថ្ងៃ​កើតហេតុ ប៉ុន្តែ​ក្រុមត្រួត​ពិនិត្យមុន​ការហោះហើរ ពុំបាន​រកឃើញ​ភាពមិនប្រក្រតី​អ្វីឡើយ មុនការគ្រោង​ហោះហើរបន្តទៅកេនយ៉ា...»

គួរបញ្ជាក់ថា សម្រាប់ជនជាតិ​ដែល​ស្លាប់ច្រើនជាងគេ​ ក្នុងករណីធ្លាក់យន្តហោះ​ដ៏រន្ធត់មួយ​នេះគឺ ជនជាតិ​កេនយ៉ាចំនួន ៣២នាក់, កាណាដា ១៨នាក់, អេត្យូពី ០៩នាក់, អេហ្ស៊ីប ០៦នាក់ និងហូឡង់ ០៥នាក់ជាដើម។ យន្តហោះប្រភេទ​ពេញនិយម Boeing 737-800 MAX បាន​ហោះចេញពីទីក្រុង​នៃប្រទេសអេត្យូពី​​ កាលពីវេលាម៉ោង ៨៖៣៨នាទីព្រឹក​ថ្ងៃអាទិត្យ (ម៉ោងនៅអាហ្វ្រិកកណ្តាល) ឆ្ពោះទៅប្រទេស​កេនយ៉ា ដែលស្ថិតនៅមិន​ឆ្ងាយពីគ្នាប៉ុន្មានឡើយ ប៉ុន្តែវាបានបាត់​ចេញពីរ៉ាដា នៅវេលា​ម៉ោង ៨៖៤៤នាទី ហើយ​ក្រោយ​មកទើបគេ​ដឹងថា វាបានធ្លាក់​នៅចម្ងាយ ៤៥ពីរដ្ឋធានី Addis Ababa តែម្តង៕