(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី​ លោក បាស្សា អាល់អាសាដ បានផ្ដាំផ្ញើទៅកាន់ក្រុមសកម្មយុទ្ធទាំងឡាយនៅក្នុងប្រទេសរបស់លោកដែល កំពុងពឹងផ្អែកលើសហរដ្ឋអាមេរិកថាពួកគេនឹងត្រូវបានទីក្រុងវ៉ាស៊ីនតោនបង់បោះចោល ហើយគ្មាននរណាផ្សេងការពារពួកគេក្រៅស៊ីរីនោះ​ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ Russian Today នៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យ លោក អាសាដ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងសូមផ្ដាំផ្ញើទៅកាន់ក្រុមសកម្មប្រយុទ្ធ ទាំងអស់ដែលកំពុងរណប ឬពឹងផ្អែកលើសហរដ្ឋអាមេរិកថាទីក្រុងវ៉ាស៊ីនតោនមិនអាចការពារអ្នកបានឡើយ ហើយអ្នកនឹងត្រូវបាន​បោះបង់ចោលនៅថ្ងៃណាមួយ ព្រោះពួកគេបានចាត់ទុកអ្នកត្រឹមតែជាកូនអុកនយោបាយតែប៉ុណ្ណោះ...ម្យ៉ាងវិញទៀតគ្មាននរណា​ការពារអ្នកនោះទេ ក្រៅតែពីរដ្ឋស៊ីរីរបស់អ្នក»

គួរបញ្ជាក់ថា ទោះបីជាមិនបានលើកចំឈ្មោះ តែគេដឹងថាលោក អាសាដ ចង់និយាយសំដៅទៅលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមអ្នកប្រយុទ្ធឃើដដែលមានសហរដ្ឋអាមេរិកគំាទ្រនៅពីក្រោយខ្នង។ កងកម្លាំង SDF កំពុងគ្រប់គ្រងតំបន់ភាគឦសាន នៃប្រទេសស៊ីរី ប៉ុន្តែបច្ចុប្បន្នជោគវាសនារបស់កងកម្លាំងមួយនេះកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកកងទ័ពចេញពីស៊ីរី៕