(សាន់ទីអាហ្គោ)៖ ប្រធានាធិបតីឈីលី លោក Sebastian Pinera បានលើកឡើងថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីឡូកាស់ ម៉ាឌូរ៉ូ នឹងត្រូវខ្ទាតចេញពីតំណែងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​យប់​ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Pinera បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ របបដឹកនាំផ្តាច់ការរបស់ លោក ម៉ាឌូរ៉ូ នឹងត្រូវរលាយសាបសូន្យ។ ប្រជាជនវេណេស៊ុយអេឡា បានបើកទ្វារទទួលសេរីភាពនិងប្រជាធិបតេយ្យ ជាមួយភាពអង់អាច និងក្តី​​សប្បាយរីករាយ។ ឥឡូវនេះពួកគេគួរតែបន្តឆ្ពោះទៅរកប្រទេស​មួយ ដែលមានសេរីភាព វិបុលភាព និងមានការរស់នៅដោយសន្តិភាព។ អ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ នៅជុំវិញពិភពលោក ចូលរួមចែករំលែកនូវភាពក្សេមក្សាន្តនេះ​»

គួរបញ្ជាក់ថា វិបត្តិនយោបាយ​នៅ​វេណេស៊ុយអេឡា បានវិវឌ្ឍន៍កាន់តែ​អាក្រក់​ចាប់​តាំងពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជា​ពេល​មេបក្ស​ប្រឆាំង​ធំ​បំផុត គឺលោក ជូអាន ហ្គៃដូ ដែលគ្រប់គ្រងរដ្ឋសភា បានប្រកាស​លើកខ្លួន​ឯង​ជាប្រធានាធិបតី​ស្តីទី ដោយមាន​ការ​គាំទ្រពេញ​​ទំហឹង​ពី​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយ​ចំនួនទៀតរបស់ខ្លួន​បានអំពាវនាវឲ្យ​លោក ម៉ាឌូរ៉ូ ចុះចេញ​ពីតំណែង ឬរៀបចំការ​បោះឆ្នោត​ឡើងវិញនៅ​វេណេស៊ុយអេឡា ដើម្បីឲ្យគ្រប់គ្នា​អាចទទួលយក​បាន ប៉ុន្តែរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ មិនព្រម​ជាដាច់ខាត តែបានបង្ហាញឆន្ទៈស្វាគមន៍កិច្ចចរចាជាមួយក្រុមប្រឆាំងដោយគ្មានលក្ខខណ្ឌ៕