(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា លោកចង់ប្តូរឈ្មោះប្រទេសអាស៊ាននេះនៅថ្ងៃណាមួយទៅ​ជា «Maharlika (មហាលីកា)» ដើម្បីលុបដានអាណានិគមកាលពីអតីតកាល​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាង​កកប៉ុស្តិ៍ នៅយប់ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

គោលបំណងរបស់លោក ឌូតឺតេ គឺដូចទៅនឹងអតីតមេដឹកនាំផ្តាច់ការ​ លោក Ferdinand Marcos ដែរ ដែលបានហៅប្រទេសហ្វីលីពីនថា «Maharlika» ដែលភាសាក្នុងតំបន់មានន័យថា «អភិជនខ្ពង់ខ្ពស់» ខណៈអ្នកជំនាញមួយចំនួនបានអះអាងថា ពាក្យនេះតាមពិតបកប្រែ​ខុស​ ដោយវាមានន័យត្រឹមតែជា «ជនសាមញ្ញដែលមានសិទ្ធិសេរីភាពប៉ុណ្ណោះ»។

ប្រទេសហ្វីលីពីន ដែលស្ថិតក្រោមអាណានិគម​អេស៉្បាញជាង៣០០ឆ្នាំ ទទួលបានឈ្មោះថា «ហ្វីលីពីន» នេះ ពីព្រះនាមរបស់ស្តេច​ Philip (ហ្វីលីព) ទី២ នៃប្រទេសអេស៉្បាញ។ យ៉ាងណាមិញ ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Tito Sotto បានលើកឡើងថា ​​បំណងរ​បស់​លោក ឌូតឺតេ នឹងតម្រូវឲ្យមានការធ្វើវិនិសោធនរដ្ឋធម្មនុញ្ញ ហើយនឹងទាមទារឲ្យមានការកែសម្រួលជាច្រើន។

គួរជម្រាបថា លោក Marcos ដែលត្រូវបានទម្លាក់ចេញពីអំណាច ដោយការបះបោរមិនបង្ហូរឈាមមួយ កាលពីជាង០៣ទសវត្សរ៍កន្លងទៅ ជាបុគ្គលដំបូងគេដែលបានស្នើឡើងពីការប្តូរឈ្មោះប្រទេសទៅជា «Maharlika» ដើម្បីលើកកម្ពស់ចលនាជាតិនិយម បន្ទាប់ពីលោកបាន​ដាក់ហ្វីលីពីននៅក្រោមច្បាប់អាជ្ញាសឹក៕