(ហាណូយ)៖ ជម្រើសនៃការយកវៀតណាមធ្វើជាទីតាំងរៀបចំកិច្ចប្រជុំកំពូលនាខែនេះ រវាង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសបញ្ជាក់ឲ្យឃើញថា ប្រទេសអាស៊ានមួយនេះ កំពុងឆ្ពោះទៅរកទិសដៅ​ត្រឹមត្រូវមួយ។ នេះបើតាមនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ដកស្រង់សម្តីដោយសារព័ត៌​មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងទៅកាន់មន្រ្តីរដ្ឋាភិបាលនៅឯទីផ្សារមូលបត្រទីក្រុងហាណូយ លោក Phuc បាននិយាយដូច្នេះថា «ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់​នេះ បានបង្ហាញថាវៀតណាមមានបរិយាកាសល្អសម្រាប់ការវិនិយោគ ហើយគំរូនៃការអភិវឌ្ឍរបស់វៀតណាមកំពុងដើរលើផ្លូវត្រូវ និង​ជាពិសេសទៀតនោះ​ សន្តិសុខនិងសុវត្ថិភាពនៅប្រទេសវៀតណាមគឺអស្ចារ្យតែម្តង»។ លោក Phuc បានបន្តថា វៀតណាមនឹងក្តាប់​យកឱកាសនេះ បង្ហាញឲ្យពិភពលោកបានឃើញ ពីតួនាទីលើឆាកអន្តរជាតិរបស់ខ្លួន ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh កំពុងស្ថិតនៅប្រទេសកូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ច​រយៈពេល០២ថ្ងៃ គឺពីថ្ងៃអង្គារនេះដល់ថ្ងៃព្រហស្បតិ៍ ខណៈដែលវៀតណាមកំពុងត្រៀមលក្ខណៈដើម្បីរៀបចំ​ជំនួបកំពូលខាងលើ។

គួរជម្រាបថា កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាសឲ្យដឹងថា លោកនឹងបើកកិច្ចប្រជុំកំពូលជាលើកទីពីរ ជាមួយលោក គីម នៅ​​រដ្ឋធានីហាណូយនៃប្រទេសវៀតណាម នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាម្តងរួចមកហើយកាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី៕