(ការ៉ាកាស់)៖​ ប្រមុខការពារជាតិវេណេស៊ុយអេឡាលោក វ្ល៉ាឌីមៀ ផាឌ្រីណូ ឡូប៉ែស (Vladimir Padrino Lopez) បាននិយាយថា គ្មានឡើយទណ្ឌណាមួយ​ដែលនឹងធ្វើឲ្យរលុប ឬខូចខាត​សេចក្តីថ្លៃថ្នូរ​ជាតិ​​មួយនេះទៅ​ថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ការថ្លែងរបស់រដ្ឋមន្ត្រី​ការពារជាតិវេណេស៊ុយអេឡា​ខាងលើនេះ បានធ្វើឡើងនាឱកាស​ដែលប្រទេស​អាមេរិកឡាទីនមួយនេះ កំពុងធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំ​បំផុត​មិនធ្លាប់​មានពីមុនមក ចំពោះមុខការតវ៉ា​ពីក្រុមប្រឆាំងក្នុងប្រទេស ដែលគាំទ្រ​ដោយ​សហរដ្ឋអាមេរិក។ លោក ឡូប៉ែស បានបញ្ជាក់​យ៉ាង​ដូច្នេះថា «យើងបាន​និយាយហើយថា យើងនឹង​នៅតែស្ថិតនៅ​លើទឹកដីកំណើតរបស់យើងនេះ ជាមួយនិងទណ្ឌកម្ម​ទាំងឡាយ...»

ដោយឡែក​លោក​ប្រធានាធិបតី​ នីកូឡាស់ ម៉ាឌូរ៉ូ វិញក៏បាន​បញ្ជាក់​កាលពីថ្ងៃចន្ទផងដែរថា លោកនឹងធ្វើ​ការវិនិយោគលើវិស័យ​ការពារជាតិ ដើម្បីឲ្យយោធា និងក្រុម​អ្នក​ប្រយុទ្ធ​វេណេស៊ុយអេឡា មានអាវុធទំនើបៗ​ប្រើប្រាស់​ដើម្បីការពារសន្តិភាព ដោយលោក​ចង់​សំដៅទៅលើ​ការទប់ទល់នឹងការគំរាមកំហែងពី​សហរដ្ឋអាមេរិក ដែលចង់ប្រើប្រាស់​យោធា ដើម្បី​ដោះស្រាយគ្រោះទុរភិក្ស នៅ​ប្រទេស​វេណេស៊ុយអេឡា។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ចាប់ផ្តើមការដាក់​ទណ្ឌកម្មជា​បន្តបន្ទាប់លើមន្ត្រីរដ្ឋាភិបាល​សំខាន់ៗ និងក្រុមហ៊ុនរដ្ឋធំៗនៅវេណេស៊ុយអេឡា ចាប់​តាំងពី​ចុង​ឆ្នាំ២០១៨ រហូតមក​ដល់ដើមឆ្នាំ២០១៩ នេះ។ សហរដ្ឋអាមេរិក​​បានចាត់ទុក​រដ្ឋាភិបាល​​លោក ម៉ាឌូរ៉ូ ថាមិនស្របច្បាប់​ ដែលគួរ​តែត្រូវផ្ទេរអំណាច​ទៅឲ្យមេបក្ស​ប្រឆាំង​វិញ គឺលោក ជូអាន ហ្គៃដូ ខណៈបណ្តា​ប្រទេសអឺរ៉ុប​មួយចំនួន បានអំពាវនាវ​ឲ្យលោក ម៉ាឌូរ៉ូ រៀបចំការ​បោះឆ្នោត​ឡើងវិញ ដើម្បីឲ្យគ្រប់គ្នា​អាចទទួល​យក​បាន៕