(ញូដេលី)៖ ចំនួនមនុស្ស​ស្លាប់ដែលបង្កឡើងអគ្គីភ័យ ឆាបឆេះសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋធានីញូដេលី​ប្រទេសឥណ្ឌានោះ បានកើន​ឡើងដល់ ១៧នាក់ហើយ ខណៈមនុស្ស​០៥នាក់ទៀតរង​របួសធ្ងន់។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមពន្លត់អគ្គីភ័យដែលមានគ្នា ២៥នាក់ បានសម្រុកទៅកាន់កន្លែងកើតហេតុ តាំងតែពី​ពេលទៀបភ្លឺថ្ងៃអង្គារ​នេះមកម្ល៉េះ ហើយរហូតដល់​ពេលព្រឹកព្រលឹមទើបអគ្គីភ័យ​ត្រូវបាន​ពន្លត់ទាំងស្រុងនៅ​សណ្ឋាគារ អាភីត ផាឡេស (Arpit Palace) លំដាប់ផ្កាយបី ស្ថិតនៅក្នុង​សង្កាត់ ខារ៉ូល បេក (Karol Bagh) នៃរដ្ឋធានី​ញូដេលី។

គួរជម្រាបថា មូលហេតុ​នៅ​ពីក្រោយគ្រោះអគ្គីភ័យខាង​លើ មិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់​នៅឡើយទេ ប៉ុន្តែមាន​​ការ​សង្ស័យថា វាអាចបង្កឡើង​ដោយ​ការឆ្លង​ចរន្តអគ្គិសនី។ ដោយឡែក​មនុស្សប្រមាណ ៣០នាក់​ត្រូវ​បានសង្គ្រោះដោយ​សុវត្ថិភាព ចេញពីសណ្ឋាគារ និងអ្នករងរបួស​ទាំងឡាយ​ត្រូវបាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យក្រុង៕