(ហាណូយ)៖ ប៉ូលិសវៀតណាម​ជាច្រើននាក់ នឹងត្រូវបាន​ដាក់ពង្រាយក៏ដូចជា​ល្បាតនៅតាម​មន្ទីរពេទ្យនានា ពីថ្នាក់ស្រុករហូត​ដល់ថ្នាក់ជាតិ ដើម្បីការបុគ្គលិក​សុខាភិបាល។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងតំបន់ ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

យោងតាម​សារព័ត៌មាន Vietnam News ប្រតិបត្តិការ​ល្បាតរបស់ប៉ូលិស​វៀតណាម គឺជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែង​រវាង​អាជ្ញាធរសុខាភិបាល និងសន្តិសុខ​សាធារណៈ ឆ្លើយតបទៅនឹង​ករណីថ្មីៗជាច្រើន ពាក់ព័ន្ធ​នឹងការវាយធ្វើបាបលើបុគ្គលិក​ សុខាភិបាល​ពីសំណាក់​អ្នកជំងឺ ឬសាច់ញាតិអ្នកជំងឺ។ Vietnam News បន្ថែមទៀតថា អំពើហិង្សា ២០ករណីប្រព្រឹត្តឡើង​ដោយអ្នកជំងឺ និងសាច់ញាតិ​អ្នកជំងឺបានកើតឡើង​លើក្រុម​វេជ្ជបណ្ឌិត​​កាលពីឆ្នាំ២០១០ និង២០១៧ រីឯកាលពី​ឆ្នាំ២០១៨ បីករណី​មានសភាព​ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា បើតាមក្រសួង​សុខាភិបាលវៀតណាម ការរំលោភពាន​នៅឯមន្ទីរពេទ្យ​ថ្នាក់ជាតិ និងខេត្តបានកើន​ឡើង​ ៨០​ភាគរយហើយ ៨៥ភាគរយនៃជនរងគ្រោះ​គឺជាវេជ្ជបណ្ឌិត និង​គិលានុបដា្ឋយិកា។ ចំណែកឯ​មូលហេតុនៃការរំលោភពាន​ទាំងនេះភាគច្រើន​បណ្ដាលមកពីបញ្ហាទំនាក់ទំនងរវាងអ្នកជំងឺ គ្រូពេទ្យ និងបញ្ហាអាកប្បកិរិយាជាដើម៕