(ប៊ែរឡាំង)៖ មន្រ្តីការទូត​ជើងចាស់ម្នាក់របស់អាល្លឺម៉ង់គឺ លោក Wolfgang Ischinger បានលើកឡើងនាថ្ងៃព្រហស្បតិ៍នេះថា ​អ៊ីរ៉ង់កំពុងនាំទុក្ខដាក់ខ្លួននិងបង្កការគំរាមកំហែង​ដល់កិច្ចប្រឹងប្រែងរបស់អឺរ៉ុប ក្នុងការរក្សាការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​តាមរយៈការធ្វើសកម្មភាពចារកម្ម​នៅក្នុងតំបន់អឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

យ៉ាងណាក៏ដោយ លោក Ischinger ដែលជាប្រធានសន្និសីទសន្តិសុខអន្តជាតិនៃទីក្រុង Munich បានហាមមិនឲ្យអឺរ៉ុប​ធ្វើដូច​​​សហរដ្ឋអាមេរិក ដើរចេញពីកិច្ចព្រមព្រៀងដ៏សំខាន់នេះឡើយ ដោយសារតែវាត្រូវសម្រេចបានក្រោមគោលដៅតែមួយគត់​ គឺដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ​របស់អ៊ីរ៉ង់ និងពុំបានលើកឡើងពីបញ្ហាដទៃទៀត ដូចជាការធ្វើចារកម្មជាដើមនោះ​ឡើយ​។

គួរជម្រាបថា ការព្រមានរបស់លោក Ischinger ធ្វើឡើង បន្ទាប់ពីមានករណីចាប់ខ្លួនបុរសជនជាតិអាល្លឺម៉ង់ដើមកំណើត​អាហ្វ​ហ្គានីស្ថានម្នាក់ ដែលបម្រើការក្នុងវិស័យយោធាប្រទេសអាល្លឺម៉ង់ ដោយសារសង្ស័យលួចផ្តល់ព័ត៌មានសម្ងាត់​ៗ​ទៅឲ្យ​ទីភ្នាក់​ងារចារកម្មរបស់អ៊ីរ៉ង់។

មន្រ្តីជើងចាស់រូបនេះបាននិយាយថា សកម្មភាពចារកម្មរបស់អ៊ីរ៉ង់ នៅអាល្លឺម៉ង់​និង​នៅតាមប្រទេសអឺរ៉ុបដទៃទៀត កំពុង​បង្កឲ្យ​មានក្តីព្រួយបារម្ភផ្នែកនយោបាយ និង​កំពុង​រារាំងកិច្ចប្រឹងប្រែង​​ដែលសំដៅរក្សាកិច្ចព្រមព្រៀង​​នុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យនៅ​ឋិត​ថេរ ដោយ​ទង្វើ​​បែប​​នេះ​ គឺប្រៀបដូចអ៊ីរ៉ង់កំពុង​នាំ​ទុក្ខ​ដាក់​ខ្លួន​កាន់​ទៅ​ធ្ងន់​ទៅ​វិញ​ទេ៕