(បារាំង)៖ ទីបំផុតលោក គីម ចុងយ៉ាង (Kim Jong Yang) មេប៉ូលិសស្តីទី​របស់ស្ថាប័ន​​ប៉ូលិស​អន្តរជាតិ Interpol ត្រូវបានតែងតាំង​ឲ្យឡើងធ្វើមេបញ្ជាការ​ប៉ូលិសអន្តរជាតិនេះ ជាផ្លូវការ​តែម្តងហើយ ដោយមានអាណត្តិ​បំពេញការងារ​ពីរឆ្នាំ​ គឺដល់ឆ្នាំ២០២០។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នាយប់​ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក គីម ចុងយ៉ាង បច្ចុប្បន្នមានអាយុ ៥៧ឆ្នាំ គឺជាជនជាតិកូរ៉េខាងត្បូង​មានស្រុកកំណើត​នៅខេត្ត ឆាងវ៉ុន (Changwon) ដែលមានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូល និងសាកល​វិទ្យាកូរ៉េ ហើយក្រោយមកទៀតលោក​បានបម្រើការងារ​ជាមន្ត្រីប៉ូលិស​កូរ៉េខាងត្បូង និងបន្ទាប់ទៅទៀតលោកបានឈានមកកាន់​តំណែងជា​ ​ប្រធានការិយាល័យ​​កណ្តាល នៃប៉ូលិស​អន្តរជាតិ Interpol តែម្តង។

គួរបញ្ជាក់ថា ការតែងតាំងលោកជាមេបញ្ជាការ Interpol ថ្មីជាផ្លូវការពេលនេះ គឺធ្វើឡើង​បន្ទាប់ពីអតីតមេប៉ូលិសអន្តរជាតិជាជនជាតិចិន លោក Meng Hongwei ដែល​ត្រូវជា​អតីតអនុរដ្ឋមន្ត្រី ​នៃក្រសួងសន្តិសុខ​សាធារណ​​របស់​ប្រទេសចិន​​ផងដែរ ត្រូវបាន​​អាជ្ញាធរចិន​ចាប់ខ្លួនកាលពីចុងខែកញ្ញា នៅពេលដែលលោកឈានជើងចូល​ទឹកដី​ចិនភ្លាមៗ ហើយរហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា តើលោកមានជោគវាសនា​យ៉ាងណាឡើយ។

លោក Meng ត្រូវបានតែងតាំង​ជា​ប្រធានស្ថាប័នប៉ូលិសអន្តរជាតិ Interpol កាលពីឆ្នាំ២០១៦ ហើយបន្ទាប់ពី​ការឡើងកាន់តំណែងនេះ ក៏មានមតិមួយចំនួន​រិះគន់ផងដែរថា ទីក្រុងប៉េកាំង​នឹងអាចប្រើប្រាស់​ស្ថាប័ននេះ​តាមរយៈមន្ត្រីជាជនជាតិខ្លួន ដើម្បីការពារ​សកម្មភាព​នានា​របស់ចិន​នៅទូទាំងពិភពលោក៕