(ហ្សាការតា)៖ ត្រីបាឡែនដ៏ធំមួយ​ក្បាលបានងាប់នៅលើ​ឆ្នេរសមុទ្រ នៅក្នុងខេត្ត​មួយនៃ​ភាគ​កណ្តាលប្រទេស​ឥណ្ឌូណេស៊ី ដោយក្រុមជំនាញ​បានរកឃើញបំណែកផ្លាស្ទិក​សរុបជាង ១,០០០បំណែក ដែលមានទំងន់ ០៦គីឡូក្រាម នៅក្នុងពោះរបស់វា។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជុំវិញបញ្ហា​ខាងលើនេះ លោក Heri Santoso នាយកគ្រប់គ្រង​ឧទ្យានជាតិ Wakatobi នៅខេត្តស៊ូឡាវ៉េស៊ី ភាគកណ្តាលប្រទេស​ឥណ្ឌូណេស៊ីបានឲ្យដឹងថា ត្រីបាឡែន​ខាងលើនេះ មានប្រវែង​រហូតដល់ទៅជិត ១០ម៉ែត្រ ហើយក្រោយ​ពីការវះពោះ​របស់វារួច ក្រុមអ្នកជំនាញ​បានប្រទះ​ឃើញគំរបដប ១១៥គំរប, ដបទឹកសុទ្ធចំនួន ៤, ស្បែកជើងកៅស៊ូចំនួន ២, កាបូប ឬថង់ផ្លាស្ទីក​ចំនួន ២៥ និងបំណែក​ផ្លាស្ទីកតូច-ធំសរុបចូលគ្នា​ជាង ១,០០០បំណែក។

គួរបញ្ជាក់ថា ករណីត្រីបាឡែន​ងាប់ខាងលើនេះ គឺមិនមែនកើតមាន​​​តែនៅប្រទេស​​ឥណ្ឌូណេស៊ី​នោះឡើយ ដោយនៅ​តំបន់អឺរ៉ុប និងអូស្ត្រាលី ក៏ធ្លាប់កើតមាន​នូវ​ករណីនេះដែរ។ ការស្លាប់​ត្រីបាឡែន និងសត្វសមុទ្រ​ជាច្រើនប្រភេទទៀត ដោយសារតែកាក​​សំណល់ផ្លាស្ទិកនេះ ត្រូវបាន​ក្រុម​អ្នក​អភិរក្សសត្វសមុទ្រ​រិះគន់ ទៅដល់ការគ្រប់គ្រង​កាក​សំណល់​មិន​បាន​ល្អ ពីសំណាក់​​​ប្រទេសមានព្រំដែន​ជាប់សមុទ្រ និងសកម្មភាព​មនុស្សដោយ​ប្រយោល៕