(ភ្នំពេញ)៖ បទចម្រៀង Original Song របស់តារាចម្រៀង លោក សាន ផានិត, លោក ណាំ ប៊ុនណារ័ត្ន រួមជាមួយនឹងលោក លី យុាំង ដែលមានអត្ថន័យរៀបរាប់ពីជីវិតពលករទៅរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ មានចំណងជើងថា «រដូវស្លឹកឈើជ្រុះ» ពេលនេះ បានចេញ MV ជាផ្លូវការហើយ។

ពិតជាមិនធ្វើឱ្យទស្សនិកជនរងចាំយូរឡើយ ពេលនេះលោក សាន ផានិត បានបញ្ចេញ MV ស្នាដៃចម្រៀង Original មួយបទទៀតហើយ ក្រោមចំណងជើងថា «រដូវស្លឹកឈើជ្រុះ» ជាមួយនឹងអត្ថន័យចាក់ដោតយ៉ាងខ្លាំង ដល់បេះដូងបងប្អូនខ្មែរ ដែលកំពុងរស់នៅប្រទេសកូរ៉េ។ តាមរយៈការបង្ហើរសំនៀង យ៉ាងពិរោះមានទឹកដម លាយឡំជាមួយនឹងខ្លឹមសារនៃបទចម្រៀងពេលនេះ បានធ្វើឱ្យហ្វេនៗរបស់លោក សាន ផានិត នៅកូរ៉េមិនតិចនាក់នោះទេ កំពុងតែស្លុងអារម្មណ៍នឹងចម្រៀងថ្មីមួយបទនេះ ព្រោះបានបង្ហាញពីជីវិតដ៏កំសត់ឯកា រស់នៅឃ្លាតឆ្ងាយពីផ្ទះសំបែង នឹកពុកម៉ែ បងប្អូន និងគូបណ្តូលចិត្ត នៅឯស្រុកកំណើត។

បើគេនៅចាំមិនភ្លេចទេ បទ «រដូវស្លឹកឈើជ្រុះ» នេះផងដែរ ត្រូវបានតារាប្រុសទាំងបីរដួង លោក សាន ផានិត, លោក ណាំ ប៊ុនណារ័ត្ន រួមជាមួយនឹងលោក លី យុាំង បានចេញទៅសម្តែងនៅទឹកដីប្រទេសកូរ៉េផ្ទាល់តែម្តង។ ខណៈបទនេះក៏ត្រូវបានគេដឹងថា ជាចំណងដៃជាពិសេសជូនដល់បងប្អូនខ្មែរ ដែលកំពុងរស់នៅទីនោះ។

យ៉ាងណាមិញ ពេលនេះបទ «រដូវស្លឹកឈើជ្រុះ» របស់លោក សាន ផានិត ក៏បានបញ្ចេញជា MV ហើយ ដោយក្នុងនោះមានរំលេចនូវទិដ្ឋភាពវាលស្រែចំការក្នុងប្រទេសកម្ពុជា និងទេសភាពក្នុងប្រទេសកូរ៉េគួរឲ្យទាក់ទាញ និងចាប់អារម្មណ៍។ ចង់ដឹងថា MV បទ «រដូវស្លឹកឈើជ្រុះ» មានអត្ថន័យ រួមទាំងសាច់រឿងយ៉ាងណា សូមប្រិយមិត្តទស្សនិកជនរីករាយទស្សនានូវបទនេះទាំងអស់គ្នា៖