(ភ្នំពេញ)៖ កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang បានទទួលការគាំទ្រកាន់តែច្រើនពីកីឡាករ-កីឡាការិនី និងយុវជន ដែលនិយម​លេងកីឡាបែបទំនើបមួយនេះនៅកម្ពុជា។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍ Water Festival X MLBB កាលពីពេលថ្មីៗ បានទទួលអ្នកចូលរួមដ៏ច្រើនប្រមាណ ១៥,០០០នាក់ឯណោះ។

កម្មវិធី Water Festival X MLBB ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃពេញ កាលពីថ្មីៗ នៅសួនច្បារវត្តបទុមវតី ហើយកម្មវិធីនេះបានក្លាយជាផ្នែកមួយ ផ្ដល់នូវភាពសប្បាយរីករាយ និងការទស្សនាកម្សាន្ដដល់ភ្ញៀវជាតិ-អន្ដរជាតិ ដែលបានចូលរួមពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំនេះ។

មិនតែប៉ុណ្ណោះកម្មវិធីខាងលើ ក៏បានក្លាយជាវេទិកាមួយ សម្រាប់កីឡាករ-កីឡាការិនី និងយុវជន មានឱកាសជួបជុំគ្នា ដើម្បីសាកល្បងថ្វីដៃក្នុងគោលបំណងបង្កើតចំណងមិត្តភាព បង្កើនសមត្ថភាព និងទទួលបានភាពសប្បាយរីករាយជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងឱកាសបុណ្យអុំទូក។ អ្វីដែលពិសេស ក្នុងរយៈពេល ៣ថ្ងៃ នៃកម្មវិធីនេះ គឺមានអ្នកចូលរួមផ្ទាល់ប្រមាណ ១៥,០០០នាក់ឯណោះ។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang បានរៀបចំកម្មវិធីបែបកម្សាន្ដនេះឡើង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ហើយក្នុងឱកាសនោះក៏មានការផ្សាយបន្ដផ្ទាល់ពីការប្រកួតជើងឯកពិភពលោក Mobile Legends: Bang Bank World Championship ពីប្រទេសម៉ាឡេស៊ី ជូនអ្នកចូលរួមបានទស្សនាកម្សាន្ដទៀតផង៕