(ភ្នំពេញ)៖ អតីតតារាចម្រៀងក្នុងក្រុម «EV BAND» លោក សែម សង្វាត ថ្មីៗបានបង្ហាញវត្តមានជាថ្មី ឲ្យទស្សនិកជនអ្នកគាំទ្របានឃើញ ក្រោយពីលោកបានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលយ៉ាងយូរ ពោលគឺជាង​២០ឆ្នាំមកហើយ ខណៈដែលការបាត់វត្តមានសូន្យឈឹងពីសិល្បៈរយៈពេល​យូរបែបនេះ ដោយសារតែលោកមានជំងឺប្រចាំកាយ​​ ត្រូវព្យាបាលជាបន្តបន្ទាប់។ យ៉ាងណាមិញរឿងរ៉ាវនេះបានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះអ្នកសិល្បៈ ជាពិសេសគឺអតីតសមាជិកក្រុមចម្រៀងរបស់លោក ដែលជាមិត្តរួមអាជីព គឺលោក ឃុំ ប៉ុណ្ណាដែត បាននាំយកថវិកាទទួលបានពីសប្បុរសជន យកទៅជូន​លោក​ដើម្បីដោះស្រាយបញ្ហាខ្វះខាតខ្លាំងនៅចំពោះមុខនេះ។

​តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បាននាំយកជំនួយ​ទទួលបានមកពីសប្បុរសជន​យកមកជូនលោក សែម សង្វាត ដោយលោកបានរៀបរាប់ឲ្យដឹងថា «ខ្ញុំបាទ និង​ភរិយា សូមគោរពអរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានផ្តល់ជាថវិកាតាមរយៈខ្ញុំបាទ ដើម្បីជួយដល់លោក សែម សង្វាត ក្នុងការព្យាបាលជំងឺ ដូចមានរាយនាមដូចខាងក្រោម លោក លី ឡាយ ២០០ដុល្លារ, លោក គង់ ប៊ុនធឿន ៣០០ដុល្លារ, លោក គង់ វិសាល ១០០ដុល្លារ, លោក ករុណា ពេជ្រ ១០០ដុល្លារ, លោក សុគន្ធ ថេរ៉ាយុ ១០០ដុល្លារ, បងស្រី ម៉ុង ម៉ូនីកា ៥០ដុល្លារ និង លោកស្រី ង៉ែត ធាវី ៥០ដុល្លារ»

គួររំឭកផងដែរថា លោក សែម សង្វាត គឺជាអតីតតារាចម្រៀងមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងស្រ​ទាប់សិល្បៈ ប៉ុន្តែដោយសារតែមានជំងឺប្រចាំកាយបានធ្វើឲ្យតារាចម្រៀងមួយដួងនេះ បាត់វត្តមានសូន្យពីសិល្បៈរយៈពេលជាង២០ឆ្នាំ។ ស្របជាមួយគ្នានឹងការបាត់ដំណឹងនេះ លោកត្រូវបានគេដឹងថា ក្លាយជាអាជីវកររកស៊ីលក់កាបូបនៅក្នុងផ្សារប៉ោយប៉ែត និងផ្សាររ៉ុងក្លឿ ប្រទេសថៃ​។ ទើបតែថ្មីៗនេះ ស្រាប់តែលេចវត្តមានលោកឡើងវិញ ធ្វើឲ្យទស្សនិកជនជាច្រើនបានសម្ដែងនូវការនឹករឭក ដល់លោកយ៉ាងខ្លាំង៕