(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា នឹងបើកយុទ្ធនាការប្រកួតពានរង្វាន់ AFF U22 Championship 2019 ក្នុងនាមជាម្ចាស់ផ្ទះ នៅថ្ងៃទី១៨ ខែកុម្ភៈនេះហើយ ដោយត្រូវជួបក្រុម U22 ម៉ាឡេស៊ីមុនគេ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នេះគឺជាការប្រកួតបើកឆាកពូល B របស់ក្រុមគោព្រៃជំទង់កម្ពុជា ស្របពេលលោក Felix គ្រូបង្វឹកក្រុម U22 កម្ពុជា បានចាត់ទុកនេះគឺជាការប្រកួតដ៏សំខាន់ ត្បិតជាប្រកួតបើឆាក ដែលក្រុមនីមួយៗ សុទ្ធតែត្រូវការ ៣ពិន្ទុដូចគ្នា ។ ហេតុផលនេះ លោករំពឹងថា កូនក្រុមរបស់លោក នឹងមានការរៀបចំក្រុមបានល្អ ដើម្បីទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតដ៏សំខាន់នេះ។

សម្រាប់ពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះពេលនេះដែរ ក្រុម U22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំង ៣ក្រុមទៀត រួមមានក្រុម U22 ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ ប៉ុន្ដែល្ងាចនេះ មុនការប្រកួតរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងម៉ាឡេស៊ីចាប់ផ្ដើម ក៏មានប្រកួតបើកឆាកពូល B ១ប្រកួតដែរ រវាងក្រុម U22 មីយ៉ាន់ម៉ា ប៉ះក្រុមឥណ្ឌូនេស៊ី នៅលើទីលានពហុកីឡដ្ឋានជាតិ។

ក្រឡេកទៅចាប់អារម្មណ៍ពូល A វិញ បានបញ្ចប់ការប្រកួតបើកឆាក ១ប្រកួតរៀងៗខ្លួនហើយ ដោយលទ្ធផលរួមមានក្រុមជម្រើសជាតិ U22 វៀតណាម បានវាយបកយកឈ្នះហ្វីលីពីន ២-១ និងក្រុមដំរីសឹកថៃ បានយកឈ្នះក្រុម U22 ទីម័រខាងកើត ១-០ ដែលធ្វើឲ្យវៀតណាម និងថៃមាន ៣ពិន្ទុស្មើគ្នា៕