(ភ្នំពេញ)៖ កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា និងជាតារាមួយរូប ដែលនៅតែអាចរក្សា​ប្រជាប្រិយភាពបានជានិច្ច ទោះ​មានកូនទន្ទឹមខ្លួន និងភរិយាហើយក្តី​។ យ៉ាងណាមិញ លោក ព្រាប សុវត្ថិ ត្រូវបានមហាជន ស្ទើរពាសពេញផ្ទៃប្រទេស កត់សម្គាល់ឃើញថា ទំនាក់ទំនងស្នេហារបស់លោកជាមួយនឹងភរិយា ហាក់ចុះសម្រុងគ្នា និងកាន់តែមានភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈអ្នកសិល្បៈភាគច្រើនតែងតែមានរឿងរកាំរកូសគ្នារហូត ពោលគឺមានរឿងអាស្រូវ បែកបាក់គ្នាជាដើម។ ស្រាប់តែថ្មីៗនេះ មានវីដេអូមួយ ដែលជាការបកស្រាយចម្រៀងរួមគ្នា របស់លោក ព្រាប សុវត្ថិ ជាមួយនឹងភរិយា នៅក្នុងថ្ងៃមង្គលការរបស់ពួកគេកាលពីឆ្នាំ​១៩៩៧ ត្រូវបានចែករំលែកលើបណ្តាញសង្គម YouTobe ពិតជាមានភាពផ្អែមល្ហែម គួរឲ្យច្រណែនមែន។

អ្វីដែលប្រិយមិត្តចាប់អារម្មណ៍នោះ ​គឺនេះជាលើកទី១ហើយ ដែលគេប្រទះឃើញការបកស្រាយចម្រៀង​រួមគ្នា ជាពិសេសនោះ គឺជាថ្ងៃមង្គល របស់កំពូល​តារាចម្រៀងលោក ព្រាប សុវត្ថិ និងភរិយាបែបនេះ។ យ៉ាងណាមិញ ទស្សនិកជនក៏បានជូនពរផងដែរ ឲ្យតារាចម្រៀងរូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញរហូត និងនៅតែមានទស្សនិកជនបន្តគាំទ្រទៀត និងឲ្យចំណងស្នេហារបស់លោក និងភរិយាស្រឡាញ់គ្នារហូត​។

គួរបញ្ជាក់ថា លោក ព្រាប សុវត្ថិ បានរៀបអាពាហ៍ពិពាហ៍​ជាមួយភរិយា របស់លោក​នៅក្នុងឆ្នាំ ១៩៩៧ ​ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ និងស្ងើចសរសើរ មិនដាច់ពីមាត់នោះគឺ ជីវិតគ្រួសាររបស់លោក គឺពោរពេញទៅដោយសេចក្ដីសុខ សុភមង្គល​យ៉ាងខ្លាំង​៕