(ប៉ារីស)៖​ នៅទីបំផុតដូចការរំពឹងទុក ក្រុមបាតុករអាវកាក់ពណ៌លឿងបាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅចូលសប្តាហ៍ទី៤ នៅចុងសប្តាហ៍នេះ ដើម្បីប្រឆាំងនឹងជំទាស់ នឹងកំណែទម្រង់របស់រដ្ឋាភិបាលប្រធានាធិបតីបារាំង លោក ម៉ាក្រុង ខណៈមន្ត្រីបារាំងខ្លះប្រកាន់ត្រង់ៗថា ក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំង ចង់ប្រើប្រាស់ក្រុមបាតុករអាវកាក់ពណ៌លឿង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ទីក្រុងប៉ារីស។

ក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ឲ្យដឹងថា មានមនុស្សសរុបរហូតដល់ចំនួន៧០០នាក់ត្រូវបានចាប់ខ្លួនទូទាំងប្រទេស ក្នុង៥៧៥នាក់នៅទីក្រុងប៉ារីស ពាក់ព័ន្ធការធ្វើបាតុកម្មនេះ។ ប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្រ្កាបហ្វូងបាតុករ និងចាប់មនុស្សរាប់រយនាក់ ខណៈអ្នក​រង​គ្រោះមាន​០៤នាក់​ស្លាប់ ៨៥០​នាក់​រង​របួស។

បាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ ក្នុងនោះរួមមានទាំងប្រេង និងម៉ាស៊ូត បាន​​កើតឡើងតាំងតែថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​មកម្លេះ ហើយវាបានអូសបន្លាយរហូតមកដល់ថ្ងៃសៅរ៍នេះ។ ដោយឡែកជាការឆ្លើយតប អាជ្ញាធរបារាំងបានបិទតំបន់ទេសចរណ៍ និង ហាងទំនិញជាច្រើននៅ​ក្នុងទីក្រុងប៉ារីស ជាមួយការ​ដាក់ពង្រាយ​កងកម្លាំងសន្តិសុខ​រាប់ពាន់នាក់។ Eiffel Tower និងតំបន់ ទេសចរណ៍​សំខាន់ៗ​នៅក្នុងទីក្រុង​ប៉ារីស ត្រូវបានបិទជា​បណ្ដោះអាសន្ន ហើយហាងលក់​ទំនិញនៅជាប់ដងផ្លូវ​មួយចំនួនត្រូវ បិទទ្វារដើម្បីបញ្ចៀស​ការលួច ឬប្លន់ក្នុង​ករណីមានភាព​ចលាចលណា​មួយកើតឡើង។ បន្ថែមពី​លើនេះដើម្បីរក្សា​សន្តិសុខ និងសណ្ដាប់​ធ្នាប់ ប៉ូលិស ៨៩,០០០នាក់ ត្រូវបានដាក់​ពង្រាយ ខណៈ៨,០០០នាក់ផ្សេងទៀត ត្រូវបានដាក់​ពង្រាយក្នុង​ទីក្រុង​ប៉ារីស។

គួរជម្រាបថា នៅក្នុង​សប្ដាហ៍នេះ ជាការបន្ធូរបន្ថយ​ភាពតានតឹង រដ្ឋាភិបាលលោក​ប្រធានាធិបតីបារាំង ម៉ាក្រុង បាន​យល់ព្រម​លុបចោលគម្រោង​តំឡើងពន្ធលើ​ឥន្ធនៈ រួមមាន​ទាំងសាំង និងម៉ាស៊ូត ចេញពីកញ្ចប់​ថវិកាជាតិឆ្នាំ២០១៩។ ប៉ុន្តែ​បើទោះជាក្រុមបាតុករ​អាវកាក់​ពណ៌លឿង ស្វាគមន៍ការ​សម្រេចចិត្តនេះ​ក៏ដោយ ក៏ពួកគេមិនបាន​លុបចោលគម្រោង​ធ្វើបាតុកម្ម នៅ​ថ្ងៃសៅរ៍នេះ​ឡើយ ហើយមិនតែ​ប៉ុណ្ណោះថែមទាំងទាមទារ​បន្ថែមឱ្យរដ្ឋាភិបាល​ ធ្វើយ៉ាងណាឱ្យពួក​គេទទួលបានប្រាក់​ខែខ្ពស់ បង់ពន្ធតិច និងខ្លះស្នើលោក ម៉ាក្រុង ចុះចេញពី​តំណែង​ទៀតផង។

តើបាតុកម្មក្នុងប្រទេសបារាំង អាចក្លាយជាបដិវត្តន៍ពណ៌ដែរឬទេ?

បើទោះជាមិនមានការសន្និដ្ឋានច្បាស់លាស់ណាមួយថា ភាពចលាចលបច្ចុប្បន្ន អាចនឹងប្រែទៅជាបដិវត្តន៍ពណ៌ដូចជា នៅ ស៊ីរី ឬលីប៊ីក៏ដោយ។ ក៏ប៉ុន្តែការភ័យខ្លាច និងការព្រួយបារម្ភបានកើនឡើងយ៉ាងខ្លាំងប្រទេសបារាំង ជាពិសេសគឺទីក្រុងប៉ារីស ជាទីដែលអំពើហិង្សាបានផ្ទុះឡើងរវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។ ជាក់ស្ដែងសូម្បីតែ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Benjamin Griveaux ក៏បានអះអាងកាលពីថ្ងៃសុក្រដែរថា ក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំង ចង់ប្រើប្រាស់ក្រុម បាតុករអាវកាក់ពណ៌លឿង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបារាំង។

លើសពីនេះទៅទៀត ប្រភពមិនបញ្ជាក់អត្តសញ្ញាណមកពីការិយាល័យប្រធានាធិបតីលោក ម៉ាក្រុង ថែមទាំងបានប្រាប់សារព័ត៌មានបារាំង Le Figaro ដោយហៅ ក្រុមបាតុករអាវកាក់ពណ៌ថា ជាពួកបដិវត្តន៍។ «ពួកគេគឺជាពួកបដិវត្តន៍​ ហើយយើងកំពុងឃើញការព្យាយាមរបស់ពួកបដិវត្តន៍»។ នេះបើតាមប្រភពដដែលប្រាប់ Le Figaro ជាមួយការបញ្ជាក់បន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់បារាំងបានព្រមានយោធា និងប៉ូលិស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងការប៉ុនប៉ងសម្លាប់ ឬប្រើប្រាស់អាវុធប្រឆាំងនឹងសមាជិកសភាបារាំង។

គួរបញ្ជាក់ថា បាតុកកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃនៅក្នុងប្រទេសបារាំង ដែលផ្ទុះឡើងតាំងតែពីថ្ងៃទី១៧ ខែវិច្ឆិកាមក បានបណ្ដាលឱ្យមនុស្ស០៤នាក់ស្លាប់ និងរាប់រយនាក់រងរបួស ក៏ដូចជាត្រូវចាប់ខ្លួន។ ចំណែកឯនៅមុនបាតុកម្មតវ៉ានៅថ្ងៃសៅរ៍នេះ អ្នកនាំពាក្យក្រុមបាតុករអាវកាក់ពណ៌លឿងបានព្រមានថា ការស្លាប់ និងការបង្ហូរឈាមមិនអាចចៀសរួចក៏ថាបាន។ «យើងអាចនឹងមិនធ្វើបាតុកម្មនៅក្នុងទីក្រុងប៉ារីស ក៏ប៉ុន្តការតវ៉ាផ្ទុះឡើងនៅប៉ារីសមែននោះការស្លាប់អាចចៀសរួចឡើយ»។ នេះជាការគូសបញ្ជាក់របស់ លោក Christophe Chalencon ជាអ្នកនាំពាក្យ អាវកាក់ពណ៌លឿង៕

ប្រភព៖ Sputnik